អេសាយ 51:14-20 KHOV

14 បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ

15 ដ្បិត​អញ ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល​ដែល​រលក​កំរើក​ឡើង​ឮ​សន្ធឹក នាម​អញ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ

16 អញ​បាន​ដាក់​ពាក្យ‌ពេចន៍​របស់​អញ​នៅ​ក្នុង​មាត់​ឯង ហើយ​បាន​គ្រប​បាំង​ឯង​ដោយ​ស្រមោល​នៃ​ដៃ​អញ ដើម្បី​ឲ្យ​អញ​បាន​រៀប‌ចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ឯង​ជា​រាស្ត្រ​របស់​អញ។

17 ឱ​ក្រុង​យេរូ‌សាឡិម ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក​ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ ឯង​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ

18 ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សំរាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ហើយ​ក្នុង​ពួក​កូន​ប្រុសៗ​ដែល​ទីក្រុង​នោះ​បាន​ចិញ្ចឹម ក៏​គ្មាន​ណា​មួយ​ចាប់​ដៃ​ដឹក​ទៅ​ដែរ

19 សេចក្ដី​ទាំង​២​មុខ​នេះ បាន​ធ្លាក់​មក​លើ​ឯង​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ឯ​ណា​នឹង​សោក​ស្តាយ​នឹង​ឯង ក៏​មាន​សេចក្ដី​អំណត់ និង​ដាវ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​កំសាន្ត​ចិត្ត​ឯង​បាន

20 ពួក​កូន​ប្រុស​ឯង​បាន​សន្លប់​ទៅ​ហើយ គេ​ដេក​តាម​ក្បាល​អស់​ទាំង​ផ្លូវ ដូច​ជា​ប្រើស​ដែល​ជាប់​បង្កាត់ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​បន្ទោស​របស់​ព្រះ​នៃ​ឯង។