9 ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី
10 តើមិនមែនទ្រង់ទេឬអី ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជំរៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សំរាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ
11 ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចំរៀង គេនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ និងសេចក្ដីអំណរ ឯសេចក្ដីទុក្ខព្រួយ និងដំងូរ នោះនឹងខ្ចាត់បាត់ទៅ។
12 អញ គឺអញនេះហើយ ជាអ្នកដែលកំសាន្តចិត្តឯងរាល់គ្នា តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្សមកដូច្នេះ ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ
13 ឯងបានទាំងភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ដែលទ្រង់បានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់តែថ្ងៃឯងមានសេចក្ដីភ័យវិញ ដោយខ្លាចចំពោះសេចក្ដីក្រោធរបស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញឯងបង់ តែសេចក្ដីក្រោធរបស់គេនោះតើនៅឯណា
14 បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយនឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ ចុះទៅក្នុងរណ្តៅឡើយ ក៏មិនខ្វះខាតអាហារដែរ
15 ដ្បិតអញ ជាយេហូវ៉ា គឺជាព្រះនៃឯង ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាលដែលរលកកំរើកឡើងឮសន្ធឹក នាមអញ គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ