1 ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កំឡាំងរបស់ឯង ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់ឯងចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងឯងទៀតឡើយ
2 ឱក្រុងយេរូសាឡិមអើយ ចូររលាស់ធូលីដីពីឯងចេញ ហើយក្រោកអង្គុយឡើង ឱកូនស្រីនៃក្រុងស៊ីយ៉ូនដែលជាឈ្លើយអើយ ចូរដោះចំណងពីកឯងចេញ។
3 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ
4 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កាលដើមដំបូងរាស្ត្រអញបានចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីអាស្រ័យនៅ ហើយពួកសាសន៍អាសស៊ើរបានសង្កត់សង្កិនគេដោយឥតហេតុ
5 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
6 ហេតុនោះរាស្ត្រអញនឹងស្គាល់នាមអញ ហេតុនោះគេនឹងដឹងក្នុងថ្ងៃនោះថា គឺអញនេះហើយ ដែលចេញវាចា មើល គឺអញនេះហើយ។