អេសាយ 52:1-7 KHOV

1 ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កំឡាំង​របស់​ឯង ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សំលៀក‌បំពាក់​ដ៏​រុងរឿង​របស់​ឯង​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​ឯង​ទៀត​ឡើយ

2 ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រលាស់​ធូលី​ដី​ពី​ឯង​ចេញ ហើយ​ក្រោក​អង្គុយ​ឡើង ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដែល​ជា​ឈ្លើយ​អើយ ចូរ​ដោះ​ចំណង​ពី​ក​ឯង​ចេញ។

3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​នឹង​បាន​លោះ​មក​វិញ ឥត​បង់​ប្រាក់​ដែរ

4 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កាល​ដើម​ដំបូង​រាស្ត្រ​អញ​បាន​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​អាស្រ័យ​នៅ ហើយ​ពួក​សាសន៍​អាស‌ស៊ើរ​បាន​សង្កត់‌សង្កិន​គេ​ដោយ​ឥត​ហេតុ

5 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​អញ​បាន​ត្រូវ​យក​ចេញ​ទៅ ដោយ​ឥត​ថ្លៃ​ដូច្នេះ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ ក៏​ស្រែក​គំហក ហើយ​រាល់​តែ​ថ្ងៃ នាម​អញ​ត្រូវ​ប្រមាថ​ជានិច្ច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6 ហេតុ​នោះ​រាស្ត្រ​អញ​នឹង​ស្គាល់​នាម​អញ ហេតុ​នោះ​គេ​នឹង​ដឹង​ក្នុង​ថ្ងៃ​នោះ​ថា គឺ​អញ​នេះ​ហើយ ដែល​ចេញ​វាចា មើល គឺ​អញ​នេះ​ហើយ។

7 អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​ឯង​ទ្រង់​សោយ‌រាជ្យ