1 ឱស្ត្រីអារ ដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសំរាលអើយ ចូរធ្លាយចេញជាបទចំរៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលបង់ខ្លួននៅតែឯង នោះមានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្ដីទៅទៀត
2 ចូរពង្រីកទីដំឡើងត្រសាលឯងឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់ឯងទៅ កុំឲ្យសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចំរ៉ឹងឲ្យមាំឡើងចុះ
3 ដ្បិតឯងនឹងបានរានទីចេញទៅខាងស្តាំ និងខាងឆ្វេង ហើយពូជពង្សរបស់ឯងនឹងចាប់បានអស់ទាំងសាសន៍ជារបស់ផងខ្លួន និងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់បានមានមនុស្សអាស្រ័យនៅវិញ។
4 កុំឲ្យខ្លាចឲ្យសោះ ដ្បិតឯងនឹងមិនដែលត្រូវខ្មាសឡើយ ក៏កុំឲ្យរង្កៀសចិត្តដែរ ពីព្រោះឯងនឹងមិនដែលត្រូវមានសេចក្ដីខ្មាសទេ ឯងនឹងភ្លេចសេចក្ដីខ្មាសដែលឯងមានពីកាលនៅវ័យក្មេង ហើយឯងនឹងមិននឹកចាំពីសេចក្ដីដែលគេត្មះតិះដៀល ពីកាលនៅមេម៉ាយតទៅទៀតដែរ
5 ដ្បិតព្រះដែលបង្កើតឯងមក ទ្រង់ជាប្ដីរបស់ឯងហើយ ព្រះនាមទ្រង់ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅទ្រង់ថា ជាព្រះនៃលោកីយ៍ទាំងមូល
6 ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា ព្រះយេហូវ៉ាទ្រង់បានហៅឯងទុកដូចជាស្ត្រីដែលប្ដីបោះបង់ចោលហើយ ដែលមានចិត្តគ្នាន់ក្នាញ់ គឺជាប្រពន្ធក្រមុំកំឡោះ ដែលត្រូវបង់ចោលហើយ