8 ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង ទ្រង់មានព្រះបន្ទូលថា អញបានគេចមុខចេញពីឯងនៅតែ១ភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែអញនឹងអាណិតអាសូរដល់ឯង ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
9 ការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់អញ ហើយដែលអញបានស្បថថា ទឹកជន់នៅជំនាន់ណូអេនឹងមិនដែលគ្របលើផែនដីទៀតជាយ៉ាងណា នោះអញក៏ស្បថថា អញនឹងមិនដែលមានសេចក្ដីក្រោធចំពោះឯង ឬបន្ទោសឯងតទៅយ៉ាងនោះដែរ
10 ពីព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន ហើយអស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែសេចក្ដីសប្បុរសរបស់អញនឹងមិនដែលឃ្លាតបាត់ពីឯងឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់អញក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ប្រោសមេត្តាដល់ឯង។
11 ឱអ្នកមានទុក្ខវេទនា ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកំសាន្តចិត្តអើយ មើល អញនឹងរៀបថ្មឯងឡើង ដោយបាយអមានពណ៌ល្អ ហើយនឹងដាក់ជើងជញ្ជាំងឯងដោយត្បូងកណ្តៀង
12 អញនឹងធ្វើកំផែងសីមាឯងពីត្បូងទទឹម ហើយទ្វារឯងពីត្បូងបារកេត និងក្បាច់ឯងទាំងប៉ុន្មានពីត្បូងមានដំឡៃ
13 ឯកូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ
14 ឯងនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតឯងនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ពីព្រោះសេចក្ដីនោះនឹងមិនមកជិតឯងឡើយ