2 ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ ចូរស្តាប់តាមអញឲ្យអស់ពីចិត្តចុះ នោះឯងនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងឯងបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស
3 ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ
4 មើល អញបានតាំងដាវីឌទុកជាទីបន្ទាល់ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ
5 មើល ឯងនឹងហៅសាសន៍១ដែលឯងមិនបានស្គាល់ ហើយសាសន៍១ដែលមិនបានស្គាល់ឯង គេនឹងរត់មកឯឯង ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងហើយ។
6 ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ
7 ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ
8 ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ