1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូររក្សាសេចក្ដីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ ពីព្រោះសេចក្ដីសង្គ្រោះរបស់អញបានមកជិតដល់ហើយ ឯសេចក្ដីសុចរិតរបស់អញ ក៏រៀបនឹងសំដែងឲ្យឃើញដែរ
2 មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ
3 ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ត្រទ្រង់ទៅ នោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា មើល ខ្ញុំនេះជាដើមឈើហួតហែងទេ នោះដែរ
4 ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលពីពួកកំរៀវ ដែលរក្សាថ្ងៃឈប់សំរាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញថា
5 អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។