អេសាយ 56:1-7 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ចុះ ពី​ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​មក​ជិត​ដល់​ហើយ ឯ​សេចក្ដី​សុចរិត​របស់​អញ ក៏​រៀប​នឹង​សំដែង​ឲ្យ​ឃើញ​ដែរ

2 មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ព្រម​ទាំង​កូន​មនុស្ស​ណា​ដែល​កាន់​សេចក្ដី​នេះ​ឲ្យ​ខ្ជាប់‌ខ្ជួន​ផង គឺ​ជា​អ្នក​ដែល​ថែ​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់ ហើយ​រក្សា​ដៃ​មិន​ឲ្យ​ធ្វើ​ការ​អាក្រក់​ណា​ឡើយ

3 ឯ​សាសន៍​ដទៃ​ណា​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​មិន​ត្រូវ​ឲ្យ​ពោល​ថា ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ខ្ញុំ​ចេញ​ពី​រាស្ត្រ​ទ្រង់​ទៅ នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​កំរៀវ​ពោល​ថា មើល ខ្ញុំ​នេះ​ជា​ដើម​ឈើ​ហួត‌ហែង​ទេ នោះ​ដែរ

4 ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពួក​កំរៀវ ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត​អញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​ថា

5 អញ​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង​១​នៅ​ក្នុង​វិហារ​អញ ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅ​ទៀត អញ​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។

6 ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ដើម្បី​ធ្វើ​ការ‌ងារ​ទ្រង់ ហើយ​នឹង​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ គឺ​គ្រប់​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ

7 នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំរាប់​ជា​ទី​អធិ‌ស្ឋាន អញ​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាស‌នា ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិ‌ស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍