អេសាយ 57:11-17 KHOV

11 តើ​ឯង​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា បាន​ជា​ឯង​កុហក ហើយ​មិន​បាន​នឹក​ដល់​អញ ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ តើ​អញ​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ​អី ប៉ុន្តែ​ឯង​មិន​បាន​កោត‌ខ្លាច​ដល់​អញ​សោះ

12 អញ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ការ​ដែល​ឯង​ប្រព្រឹត្ត នឹង​មិន​មាន​ប្រយោជន៍​ដល់​ឯង​សោះ

13 កាល​ណា​ឯង​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​ឯង​បាន​ប្រមូល​ជួយ​ឯង​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​អញ​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​អញ​ទុក​ជា​មរដក។

14 នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀប‌ចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ​របស់​រាស្ត្រ​អញ​ទៅ

15 ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត​ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច ដែល​ព្រះ‌នាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ

16 ដ្បិត​អញ​មិន​ព្រម​តវ៉ា​ជា​ដរាប​ទៅ​ទេ ក៏​មិន​មាន​សេចក្ដី​ក្រោធ​ជានិច្ច​ដែរ ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​ទៅ​នៅ​មុខ​អញ ព្រម​ទាំង​ព្រលឹង​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នេះ​ដែរ

17 អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ អញ​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​បាន​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជានិច្ច