12 អញនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ឯង ហើយការដែលឯងប្រព្រឹត្ត នឹងមិនមានប្រយោជន៍ដល់ឯងសោះ
13 កាលណាឯងអំពាវនាវ នោះឲ្យពួកដែលឯងបានប្រមូលជួយឯងឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែអស់អ្នកណាដែលពឹងជ្រកនឹងអញវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់អញទុកជាមរដក។
14 នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ
15 ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុតជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ
16 ដ្បិតអញមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខអញ ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលអញបានធ្វើនេះដែរ
17 អញបានខឹង ហើយបានវាយគេដោយព្រោះសេចក្ដីទុច្ចរិតនៃចិត្តលោភរបស់គេ អញបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច
18 អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង