8 ឯងបានដំឡើងទីរំឭកពីឯងនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយឯងបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីអញ ឯងបានឡើងទៅធ្វើឲ្យគ្រែឯងធំទូលាយ ហើយបានតាំងសញ្ញានឹងគេ ឯងបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ
9 ឯងបាននាំដង្វាយ ជាប្រេង ទៅគាល់ស្តេច ហើយបានចំរើនគ្រឿងក្រអូបរបស់ឯងជាច្រើនឡើង ក៏បានចាត់ទូតរបស់ឯងឲ្យទៅឯស្រុកឆ្ងាយ ព្រមទាំងបន្ទាបខ្លួនឯងចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់
10 ឯងត្រូវអស់កំឡាំង ដោយផ្លូវរបស់ឯងវែងឆ្ងាយ ប៉ុន្តែឯងមិនបានថាជាបង់កំឡាំងទទេនោះទេ គឺឯងបានទទួលសេចក្ដីចំរើនកំឡាំងវិញ បានជាឯងមិនបានណាយចិត្តសោះឡើយ។
11 តើឯងបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាឯងកុហក ហើយមិនបាននឹកដល់អញ ឬយកចិត្តទុកដាក់សោះដូច្នេះ តើអញមិនបានអត់ធ្មត់ជាយូរមកហើយទេឬអី ប៉ុន្តែឯងមិនបានកោតខ្លាចដល់អញសោះ
12 អញនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ឯង ហើយការដែលឯងប្រព្រឹត្ត នឹងមិនមានប្រយោជន៍ដល់ឯងសោះ
13 កាលណាឯងអំពាវនាវ នោះឲ្យពួកដែលឯងបានប្រមូលជួយឯងឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែអស់អ្នកណាដែលពឹងជ្រកនឹងអញវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់អញទុកជាមរដក។
14 នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ