អេសាយ 58:1-4 KHOV

1 ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​អញ​ពី​អំពើ​រំលង​របស់​គេ និង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ

2 រាល់​តែ​ថ្ងៃ​គេ​ស្វែង​រក​អញ​ជានិច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​អញ គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពី​អញ ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ

3 គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ឃើញ​សោះ យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ នេះ​ពី​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​តម​អត់​នោះ គឺ​ឯង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​វិញ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ធ្វើ​ការ​ឈ្នួល​ផង

4 មើល ឯង​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក និង​ការ​ទាស់‌ទែង​គ្នា ហើយ​វាយ‌ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​ឯង​តម​អត់​នោះ គឺ​មិន​មែន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​ឯង​បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ