10 យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ អើ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្តាលទីសាបសូន្យ
11 យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំទេ
12 ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចំរើនជាច្រើនឡើងនៅចំពោះទ្រង់ ឯចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ ពីព្រោះអំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ ឯអំពើទុច្ចរិតរបស់យើងខ្ញុំ នោះយើងខ្ញុំក៏ស្គាល់ទាំងអស់ហើយ
13 គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក
14 ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្តាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន
15 អើ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ព្រះយេហូវ៉ាក៏ទតឃើញហើយ ឯការដែលឥតមានសេចក្ដីយុត្តិធម៌ដូច្នេះ ក៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា
16 ទ្រង់ឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សំរាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ទ្រង់បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ទ្រង់ក៏ទប់ទល់ទ្រង់