អេសាយ 59:13-19 KHOV

13 គឺ​យើង​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​រំលង ហើយ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​បែរ​ចេញ​លែង​តាម​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ពោល​តែ​ពី​ការ​សង្កត់‌សង្កិន និង​ការ​បះ‌បោរ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក

14 ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្តាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន

15 អើ សេចក្ដី​ពិត​ក៏​គ្មាន​ដែរ ហើយ​អ្នក​ណា​ដែល​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​សុខ​ចិត្ត​ធ្វើ​ជា​រំពា​ដល់​គេ​ហើយ។ព្រះ‌យេហូវ៉ា​ក៏​ទត​ឃើញ​ហើយ ឯ​ការ​ដែល​ឥត​មាន​សេចក្ដី​យុត្តិធម៌​ដូច្នេះ ក៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

16 ទ្រង់​ឃើញ​ថា ឥត​មាន​អ្នក​ណា​មួយ​ឡើយ ហើយ​ក៏​នឹក​ប្លែក​ពី​ការ​ដែល​ឥត​មាន​អ្នក​ណា សំរាប់​ជួយ​អង្វរ​ជំនួស​គេ ដូច្នេះ ព្រះ‌ពាហុ​របស់​ទ្រង់​បាន​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ឯ​ទ្រង់ ហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់​ក៏​ទប់‌ទល់​ទ្រង់

17 ទ្រង់​បាន​ប្រដាប់​អង្គ​ដោយ​សេចក្ដី​សុចរិត ទុក​ជា​អាវ​ក្រោះ ហើយ​សេចក្ដី​សង្គ្រោះ​នៅ​លើ​ព្រះ‌សិរ​ទុក​ជា​មួក​សឹក ក៏​ទ្រង់​ព្រះ‌ពស្ត្រ​ដោយ​សេចក្ដី​សង‌សឹក និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជា​ព្រះ‌ភូសា​គ្រលុំ​អង្គ

18 ទ្រង់​នឹង​សង​ដល់​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​ជា​សេចក្ដី​ក្រោធ​ដល់​ពួក​ទាស់​ទទឹង​នឹង​ទ្រង់ ហើយ​ជា​សំណង តប​ដល់​ពួក​ខ្មាំង​សត្រូវ ទ្រង់​នឹង​សង​ដល់​អស់​ទាំង​ស្រុក​ក្បែរ​សមុទ្រ យ៉ាង​នោះ​ដែរ

19 យ៉ាង​នោះ​គេ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ចាប់​តាំង​ពី​ទិស​ខាង​លិច ហើយ​ដល់​សិរី‌ល្អ​នៃ​ទ្រង់ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ កាល​ណា​ខ្មាំង​នឹង​ចូល​មក​ដូច​ជា​ទឹក​ជន់ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លើក​ទង់‌ជ័យ​ឡើង​ទាស់​នឹង​វា