14 ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនឯង គេនឹងមកទាំងអោនក្រាបនៅចំពោះឯង ហើយអស់អ្នកណាដែលធ្លាប់មើលងាយឯង គេនឹងក្រាបចុះនៅទៀបបាទជើងឯង គេនឹងហៅឯងថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
15 ទោះបើឯងបានត្រូវចោលស្ងាត់ ហើយត្រូវគេស្អប់ ដល់ម៉្លេះបានជាគ្មានមនុស្សណាដើរកាត់ឯងឡើយ គង់តែអញនឹងធ្វើឲ្យឯងបានជាទីប្រសើរ នៅអស់កល្បជានិច្ចវិញ ជាទីអំណរដល់ច្រើនដំណតទៅ
16 ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ នោះឯងនឹងដឹងថា អញនេះគឺយេហូវ៉ាជាព្រះដ៏ជួយសង្គ្រោះឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានព្រះចេស្តានៃយ៉ាកុប
17 អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង
18 នៅក្នុងស្រុកឯងនឹងមិនដែលឮនិយាយពីសេចក្ដីច្រឡោតទៀត ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនឯងឡើយ គឺឯងនឹងហៅកំផែងឯងថា «សេចក្ដីសង្គ្រោះ»ហើយទ្វារឯងថា «សេចក្ដីសរសើរ»
19 គ្រានោះព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់ឯងនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងបានសំរាប់ជាពន្លឺដល់ឯងតទៅ គឺព្រះយេហូវ៉ា ទ្រង់នឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯងវិញ ហើយព្រះនៃឯងនឹងជាសិរីល្អដល់ឯងដែរ
20 ព្រះអាទិត្យរបស់ឯងនឹងលែងលិច ហើយព្រះចន្ទរបស់ឯងនឹងមិនជ្រេទៀតឡើយ ពីព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯង ហើយគ្រានៃសេចក្ដីសោកសៅរបស់ឯងនឹងផុតទៅ