1 ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
2 ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ និងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
3 នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។
4 គេនឹងសង់អស់ទាំងទី ដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់ ហើយអស់ទាំងទីកន្លែងដែលចោលស្ងាត់ តាំងពីច្រើនដំណតមកផង
5 គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យឯង ហើយមនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង
6 តែឯឯងរាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា ឯងរាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយនឹងមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ