5 គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យឯង ហើយមនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង
6 តែឯឯងរាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា ឯងរាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយនឹងមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ
7 ឯងរាល់គ្នានឹងបានចំណែក១ជា២ជំនួសសេចក្ដីខ្មាសរបស់ឯង ហើយនឹងមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ ឯងនឹងបាន២ចំណែកនៅក្នុងស្រុករបស់ឯង ហើយនឹងមានសេចក្ដីអំណរ ដ៏នៅអស់កល្បជានិច្ច
8 ដ្បិតអញ គឺព្រះយេហូវ៉ា អញស្រឡាញ់សេចក្ដីយុត្តិធម៌ តែស្អប់ការលួចប្លន់ និងសេចក្ដីទុច្ចរិតវិញ អញនឹងឲ្យរង្វាន់ដល់ឯងដោយសេចក្ដីពិត ហើយនឹងតាំងសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចនឹងឯង
9 គេនឹងស្គាល់ពូជពង្សរបស់ឯង នៅកណ្តាលអស់ទាំងសាសន៍ ហើយកូនចៅរបស់ឯង នៅកណ្តាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញឯងនឹងទទួលស្គាល់ថា ឯងជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ។
10 ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្ដីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ
11 ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្តាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរ បានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។