2 នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់ឯង ហើយស្ដេចទាំងឡាយនឹងឃើញសិរីល្អរបស់ឯងដែរ ឯងនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឱស្ឋនៃព្រះយេហូវ៉ានឹងសំរេចឲ្យ
3 ឯងនឹងជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា ហើយជាព្រះមាលារាជ្យនៅព្រះហស្តរបស់ព្រះនៃឯង
4 ឯងមិនត្រូវគេហៅថា ទីក្រុងចោលបង់ ហើយដីឯងក៏មិនត្រូវហៅថា ទីស្ងាត់ជ្រងំទៀតឡើយ គឺឯងនឹងត្រូវហៅថា «ទីស្រឡាញ់» ហើយដីរបស់ឯងថាជាអ្នកមានប្ដីវិញ ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីរីករាយចំពោះឯង ហើយដីឯងនឹងបានរៀបការ
5 ដ្បិតដែលមនុស្សកំឡោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់ឯងនឹងមករួមនឹងឯងយ៉ាងនោះដែរ ហើយដែលប្ដីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្ដីរីករាយចំពោះឯងយ៉ាងនោះដែរ។
6 ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ
7 ហើយកុំឲ្យទ្រង់នៅទំនេរឲ្យសោះ ដរាបដល់ទ្រង់បានតាំងក្រុងយេរូសាឡិមឡើង ឲ្យជាទីសរសើរនៅលើផែនដី
8 ព្រះយេហូវ៉ា ទ្រង់បានស្បថដោយព្រះហស្តស្តាំទ្រង់ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់ថា ពិតប្រាកដជាអញនឹងមិនឲ្យស្រូវរបស់ឯងទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវឯងទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលឯងបានខំធ្វើទៀតឡើយ