អេសាយ 62:3-9 KHOV

3 ឯង​នឹង​ជា​មកុដ​ដ៏​រុងរឿង​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ហើយ​ជា​ព្រះ‌មាលា‌រាជ្យ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ​នៃ​ឯង

4 ឯង​មិន​ត្រូវ​គេ​ហៅ​ថា ទី​ក្រុង​ចោល​បង់ ហើយ​ដី​ឯង​ក៏​មិន​ត្រូវ​ហៅ​ថា ទី​ស្ងាត់‌ជ្រងំ​ទៀត​ឡើយ គឺ​ឯង​នឹង​ត្រូវ​ហៅ​ថា «ទី​ស្រឡាញ់» ហើយ​ដី​របស់​ឯង​ថា​ជា​អ្នក​មាន​ប្ដី​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង ហើយ​ដី​ឯង​នឹង​បាន​រៀប​ការ

5 ដ្បិត​ដែល​មនុស្ស​កំឡោះ​យក​ស្រី​ក្រមុំ​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​ណា នោះ​ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​រួម​នឹង​ឯង​យ៉ាង​នោះ​ដែរ ហើយ​ដែល​ប្ដី​ថ្មោង‌ថ្មី​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ប្រពន្ធ​យ៉ាង​ណា នោះ​ព្រះ​នៃ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង​យ៉ាង​នោះ​ដែរ។

6 ឱ​ក្រុង​យេរូ‌សាឡិម​អើយ អញ​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ ឬ​ថ្ងៃ​ផង ឯង​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​ឲ្យ​នៅ​ស្ងៀម​ឡើយ

7 ហើយ​កុំ​ឲ្យ​ទ្រង់​នៅ​ទំនេរ​ឲ្យ​សោះ ដរាប​ដល់​ទ្រង់​បាន​តាំង​ក្រុង​យេរូ‌សាឡិម​ឡើង ឲ្យ​ជា​ទី​សរសើរ​នៅ​លើ​ផែនដី

8 ព្រះ‌យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ឲ្យ​ស្រូវ​របស់​ឯង​ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​ឯង​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ឯង​បាន​ខំ​ធ្វើ​ទៀត​ឡើយ

9 គឺ​ពួក​អ្នក​ដែល​បាន​ច្រូត​ផល​នោះ​នឹង​ស៊ី​វិញ ហើយ​គេ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឯ​ពួក​អ្នក​ដែល​បាន​ប្រមូល​ផ្លែ​នោះ គេ​នឹង​ផឹក​នៅ​ក្នុង​ទីលាន​នៃ​ទី​បរិសុទ្ធ​របស់​អញ។