អេសាយ 62:7-12 KHOV

7 ហើយ​កុំ​ឲ្យ​ទ្រង់​នៅ​ទំនេរ​ឲ្យ​សោះ ដរាប​ដល់​ទ្រង់​បាន​តាំង​ក្រុង​យេរូ‌សាឡិម​ឡើង ឲ្យ​ជា​ទី​សរសើរ​នៅ​លើ​ផែនដី

8 ព្រះ‌យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ឲ្យ​ស្រូវ​របស់​ឯង​ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​ឯង​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ឯង​បាន​ខំ​ធ្វើ​ទៀត​ឡើយ

9 គឺ​ពួក​អ្នក​ដែល​បាន​ច្រូត​ផល​នោះ​នឹង​ស៊ី​វិញ ហើយ​គេ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឯ​ពួក​អ្នក​ដែល​បាន​ប្រមូល​ផ្លែ​នោះ គេ​នឹង​ផឹក​នៅ​ក្នុង​ទីលាន​នៃ​ទី​បរិសុទ្ធ​របស់​អញ។

10 ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សំរាប់​ប្រជា‌ជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​១​សំរាប់​ជន‌ជាតិ​ទាំង‌ឡាយ

11 មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល​សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ

12 គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន‌ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​លោះ នោះ​ឯង​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​បង់​ចោល​ឡើយ។