អេសាយ 63:15-19 KHOV

15 សូម​ទ្រង់​ពិចារណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល​ពី​ទី​លំនៅ​នៃ​សេចក្ដី​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ទ្រង់ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ទ្រង់ នៅ​ឯ​ណា ឯ​សេចក្ដី​កន្លេង​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​បាន​បង្ខាំង​ទុក នៅ​ចំពោះ​ទូល‌បង្គំ​ហើយ

16 ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌វរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រា‌អែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ គង់​តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់​កល្ប​រៀង​មក នោះ​ព្រះ‌នាម​ទ្រង់​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង‌ទទឹង​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ទ្រង់​ដូច្នេះ សូម​ទ្រង់​វិល​មក​វិញ ដោយ​យល់​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ គឺ​ជា​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​មរដក​របស់​ទ្រង់

18 រាស្ត្រ​បរិសុទ្ធ​របស់​ទ្រង់​បាន​ស្រុក​នោះ​មិន​យូរ​ប៉ុន្មាន​ទេ ឯ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​បាន​ជាន់​ឈ្លី​ទី​បរិសុទ្ធ​នៃ​ទ្រង់

19 យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ទ្រង់​មិន​បាន​គ្រប់‌គ្រង​ឡើយ គឺ​ដូច​ជា​ពួក​អ្នក ដែល​មិន​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​វិញ។