អេសាយ 63:5-11 KHOV

5 អញ​ក៏​រក​មើល តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ អញ​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ ដើម​ដៃ​របស់​អញ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ឯ​អញ ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​បាន​ទប់‌ទល់​អញ

6 អញ​បាន​ជាន់​ឈ្លី​ជន‌ជាតិ​ទាំង‌ឡាយ ដោយ​សេចក្ដី​កំហឹង​របស់​អញ ក៏​ធ្វើ​ឲ្យ​គេ​ស្រវឹង ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ហើយ​បាន​ចាក់​ឈាម​គេ​ចុះ​ដល់​ដី​ផង។

7 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​យើង​រាល់​គ្នា និង​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​សេចក្ដី​ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ​តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ទ្រង់

8 ដ្បិត​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា គេ​ជា​រាស្ត្រ​អញ​ពិត គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ប្រព្រឹត្ត​ដោយ​គៃ‌កាញ់​ឡើយ ដូច្នេះ​បាន​ជា​ទ្រង់​បាន​ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​គេ

9 ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ទ្រង់​បាន​សង្គ្រោះ​គេ ទ្រង់​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ កាល​ពី​ចាស់​បុរាណ ទ្រង់​បាន​លើក​គេ​បី​ទៅ​ជា​ដរាប។

10 តែ​គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ

11 ខណៈ​នោះ រាស្ត្រ​ទ្រង់​បាន​នឹក​ដល់​គ្រា​ជាន់​មុន ហើយ​ពី​ម៉ូសេ​ដោយ​ថា ព្រះ‌អង្គ​ដែល​នាំ​គេ​ឡើង​ពី​សមុទ្រ​ជា​មួយ​នឹង​អ្នក​គង្វាល​នៃ​ហ្វូង​ចៀម​ទ្រង់ តើ​ទ្រង់​នៅ​ឯ​ណា ព្រះ‌អង្គ​ដែល​ដាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​សណ្ឋិត​នៅ​នឹង​គេ នោះ​តើ​នៅ​ឯ​ណា