7 ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ទ្រង់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ជាធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលទ្រង់បានប្រោសដល់គេតាមសេចក្ដីមេត្តាករុណារបស់ទ្រង់ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ទ្រង់
8 ដ្បិតទ្រង់បានមានព្រះបន្ទូលថា គេជារាស្ត្រអញពិត គឺជាកូនចៅដែលមិនព្រមប្រព្រឹត្តដោយគៃកាញ់ឡើយ ដូច្នេះបានជាទ្រង់បានធ្វើជាព្រះអង្គសង្គ្រោះដល់គេ
9 ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប។
10 តែគេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហេតុនោះបានជាទ្រង់បានត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ
11 ខណៈនោះ រាស្ត្រទ្រង់បាននឹកដល់គ្រាជាន់មុន ហើយពីម៉ូសេដោយថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយនឹងអ្នកគង្វាលនៃហ្វូងចៀមទ្រង់ តើទ្រង់នៅឯណា ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ឲ្យសណ្ឋិតនៅនឹងគេ នោះតើនៅឯណា
12 គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តមរបស់ទ្រង់អមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីនឹងធ្វើឲ្យទ្រង់មាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ
13 ជាព្រះដែលនាំគេដើរកាត់ទីជំរៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន