អេសាយ 64:2-8 KHOV

2 ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់

3 នៅ​គ្រា​ដែល​ទ្រង់​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ទ្រង់​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ទ្រង់

4 ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ

5 ទ្រង់​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ទ្រង់​ក្នុង​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ មើល ទ្រង់​បាន​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ

6 ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​រាល់​គ្នា​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់​យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់

7 ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឬ​ដែល​ដាស់‌តឿន​ខ្លួន​ឯង​ឲ្យ​ចាប់​តោង​ទ្រង់​ឡើង ដ្បិត​ទ្រង់​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។

8 តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ទាំង​អស់​គ្នា