7 ឥតមានអ្នកណាមួយដែលអំពាវនាវដល់ព្រះនាមទ្រង់ ឬដែលដាស់តឿនខ្លួនឯងឲ្យចាប់តោងទ្រង់ឡើង ដ្បិតទ្រង់បានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។
8 តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា
9 ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំក្រោធជាខ្លាំងឡើយ ក៏សូមកុំនឹកចាំពីសេចក្ដីទុច្ចរិតជាដរាបដែរ សូមមើល សូមទ្រង់ពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជារាស្ត្ររបស់ទ្រង់
10 អស់ទាំងទីក្រុងបរិសុទ្ធរបស់ទ្រង់បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ
11 ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកអយ្យកោនៃយើងខ្ញុំបានសរសើរដល់ទ្រង់ នោះត្រូវគេដុតចោលហើយ អស់ទាំងកន្លែង ជាទីពេញចិត្តរបស់យើងខ្ញុំ ក៏ត្រូវខូចអស់ទៅដែរ
12 ឱព្រះយេហូវ៉ាអើយ ចុះដែលកើតមានការយ៉ាងដូច្នេះ តើទ្រង់នឹងនៅតែអត់សង្កត់ព្រះហឫទ័យឬអី តើទ្រង់នឹងនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ។