1 អញបានតបឆ្លើយនឹងពួកអ្នក ដែលមិនបានសួររកអញ ហើយពួកអ្នកដែលមិនបានស្វែងរកអញ នោះអញបានឲ្យគេប្រទះឃើញអញវិញ អញបាននិយាយដល់សាសន៍១ដែលមិនបានហៅតាមឈ្មោះអញថា មើល នេះអញហើយ
2 រាល់តែថ្ងៃអញបានហុចដៃទៅចង់ទទួលពួកអ្នកបះបោរ ជាពួកអ្នកប្រព្រឹត្តតាមផ្លូវដែលមិនល្អ តាមតែគំនិតរបស់ខ្លួនគេ
3 ជាជនជាតិដែលបណ្តាលឲ្យអញខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ
4 គេអង្គុយនៅកណ្តាលផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសំឡគួរខ្ពើមនៅក្នុងឆ្នាំងរបស់គេ
5 ក៏ពោលថា ចូរឈរនៅទីនោះដោយខ្លួនទៅ កុំឲ្យមកជិតអញឡើយ ដ្បិតអញបរិសុទ្ធជាងឯង ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះអញ គឺជាភ្លើងដែលឆេះជានិច្ច
6 មើល អំពើទាំងនោះបានកត់ទុកនៅចំពោះអញហើយ អញមិនព្រមនៅស្ងៀមឡើយ អញនឹងសងដល់គេ អើ អញនឹងដាក់សំណងនោះ នៅលើដើមទ្រូងរបស់គេផង