អេសាយ 65:11-17 KHOV

11 តែ​ឯ​ឯង​រាល់​គ្នា​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ក៏​រៀប​អាស‌នា​១​ថ្វាយ​ដល់​ព្រះ​មាន​លាភ ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែង ថ្វាយ​ដល់​ព្រះ​វាសនា

12 អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ ហើយ​ឯង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ទៅ ឲ្យ​គេ​កាប់​សំឡាប់ ពី​ព្រោះ​កាល​អញ​បាន​ហៅ​នោះ​ឯង​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ ហើយ​កាល​អញ​បាន​និយាយ នោះ​ឯង​រាល់​គ្នា​មិន​បាន​ឮ​ឡើយ គឺ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។

13 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ស៊ី តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ផឹក តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្រេក មើល​ពួក​អ្នក​បំរើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស

14 មើល ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ

15 ឯង​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​ឯង ទុក​ជា​ទី​ផ្តាសា​ដល់​ពួក​រើស​តាំង​របស់​អញ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​សំឡាប់​ឯង​បង់ ទ្រង់​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត​ឲ្យ​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់

16 បាន​ជា​អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ នោះ​នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​កំបាំង​ពី​ភ្នែក​អញ​ផង។

17 ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ