អេសាយ 65:13-19 KHOV

13 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ស៊ី តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ផឹក តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្រេក មើល​ពួក​អ្នក​បំរើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស

14 មើល ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ

15 ឯង​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​ឯង ទុក​ជា​ទី​ផ្តាសា​ដល់​ពួក​រើស​តាំង​របស់​អញ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​សំឡាប់​ឯង​បង់ ទ្រង់​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត​ឲ្យ​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់

16 បាន​ជា​អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ នោះ​នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​កំបាំង​ពី​ភ្នែក​អញ​ផង។

17 ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ

18 ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីក‌រាយ​ឡើង​ជា​ដរាប​ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ ដ្បិត​មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជា‌ជន​ទាំង‌ឡាយ​ជា​សេចក្ដី​អំណរ

19 នោះ​អញ​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម និង​សេចក្ដី​អំណរ​ចំពោះ​រាស្ត្រ​អញ រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ និង​សំរែក​ទៀត​ឡើយ