14 មើល ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ តែឯងរាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ
15 ឯងរាល់គ្នានឹងបន្តឈ្មោះរបស់ឯង ទុកជាទីផ្តាសាដល់ពួករើសតាំងរបស់អញ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងសំឡាប់ឯងបង់ ទ្រង់នឹងដាក់ឈ្មោះផ្សេងទៀតឲ្យដល់ពួកអ្នកបំរើរបស់ទ្រង់
16 បានជាអ្នកណានៅផែនដី ដែលចង់បានពរ នោះនឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីជាន់មុនបានភ្លេចទៅហើយ ក៏បានកំបាំងពីភ្នែកអញផង។
17 ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ
18 ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាបចំពោះការដែលអញបង្កើតនោះ ដ្បិតមើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ
19 នោះអញនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម និងសេចក្ដីអំណរចំពោះរាស្ត្រអញ រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ និងសំរែកទៀតឡើយ
20 ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅឲ្យពេញកំណត់អាយុតទៅទៀត ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុ១០០ឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹម១០០ឆ្នាំ នោះនឹងត្រូវបណ្តាសាវិញ