2 រាល់តែថ្ងៃអញបានហុចដៃទៅចង់ទទួលពួកអ្នកបះបោរ ជាពួកអ្នកប្រព្រឹត្តតាមផ្លូវដែលមិនល្អ តាមតែគំនិតរបស់ខ្លួនគេ
3 ជាជនជាតិដែលបណ្តាលឲ្យអញខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ
4 គេអង្គុយនៅកណ្តាលផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសំឡគួរខ្ពើមនៅក្នុងឆ្នាំងរបស់គេ
5 ក៏ពោលថា ចូរឈរនៅទីនោះដោយខ្លួនទៅ កុំឲ្យមកជិតអញឡើយ ដ្បិតអញបរិសុទ្ធជាងឯង ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះអញ គឺជាភ្លើងដែលឆេះជានិច្ច
6 មើល អំពើទាំងនោះបានកត់ទុកនៅចំពោះអញហើយ អញមិនព្រមនៅស្ងៀមឡើយ អញនឹងសងដល់គេ អើ អញនឹងដាក់សំណងនោះ នៅលើដើមទ្រូងរបស់គេផង
7 គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកអយ្យកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ១ចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញឡើយ ដ្បិតជាផ្លែមានពរហើយ គឺយ៉ាងនោះដែលអញនឹងប្រព្រឹត្ត ចំពោះពួកអ្នកបំរើរបស់អញទាំងប៉ុន្មានដែរ ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ