5 ក៏ពោលថា ចូរឈរនៅទីនោះដោយខ្លួនទៅ កុំឲ្យមកជិតអញឡើយ ដ្បិតអញបរិសុទ្ធជាងឯង ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះអញ គឺជាភ្លើងដែលឆេះជានិច្ច
6 មើល អំពើទាំងនោះបានកត់ទុកនៅចំពោះអញហើយ អញមិនព្រមនៅស្ងៀមឡើយ អញនឹងសងដល់គេ អើ អញនឹងដាក់សំណងនោះ នៅលើដើមទ្រូងរបស់គេផង
7 គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកអយ្យកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ១ចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញឡើយ ដ្បិតជាផ្លែមានពរហើយ គឺយ៉ាងនោះដែលអញនឹងប្រព្រឹត្ត ចំពោះពួកអ្នកបំរើរបស់អញទាំងប៉ុន្មានដែរ ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ
9 អញនឹងបង្កើតជំនួរវង្ស១ ចេញពីយ៉ាកុបមក ហើយឲ្យមានពួក១ ចេញពីយូដាមក ដែលនឹងគ្រងបានស្រុកភ្នំរបស់អញទុកជាមរដក ពួកអ្នករើសតាំងរបស់អញនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបំរើរបស់អញនឹងអាស្រ័យនៅឯនោះផង
10 នោះវាលសារ៉ុននឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ហើយច្រកភ្នំអាកោរជាកន្លែងឲ្យហ្វូងគោដេកនៅ ដល់ពួករាស្ត្ររបស់អញដែលបានស្វែងរកអញ
11 តែឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែង ថ្វាយដល់ព្រះវាសនា