អេសាយ 65:7-13 KHOV

7 គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យកោ​ឯង​ផង ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ ហើយ​បាន​ប្រមាថ​អញ​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ដូច្នេះ អញ​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​ឡើយ ដ្បិត​ជា​ផ្លែ​មាន​ពរ​ហើយ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​ប៉ុន្មាន​ដែរ ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ

9 អញ​នឹង​បង្កើត​ជំនួរ​វង្ស​១ ចេញ​ពី​យ៉ាកុប​មក ហើយ​ឲ្យ​មាន​ពួក​១ ចេញ​ពី​យូដា​មក ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​អញ​ទុក​ជា​មរដក ពួក​អ្នក​រើស​តាំង​របស់​អញ​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បំរើ​របស់​អញ​នឹង​អាស្រ័យ​នៅ​ឯ​នោះ​ផង

10 នោះ​វាល​សារ៉ុន​នឹង​បាន​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ឲ្យ​ហ្វូង​គោ​ដេក​នៅ ដល់​ពួក​រាស្ត្រ​របស់​អញ​ដែល​បាន​ស្វែង​រក​អញ

11 តែ​ឯ​ឯង​រាល់​គ្នា​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ក៏​រៀប​អាស‌នា​១​ថ្វាយ​ដល់​ព្រះ​មាន​លាភ ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែង ថ្វាយ​ដល់​ព្រះ​វាសនា

12 អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ ហើយ​ឯង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ទៅ ឲ្យ​គេ​កាប់​សំឡាប់ ពី​ព្រោះ​កាល​អញ​បាន​ហៅ​នោះ​ឯង​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ ហើយ​កាល​អញ​បាន​និយាយ នោះ​ឯង​រាល់​គ្នា​មិន​បាន​ឮ​ឡើយ គឺ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។

13 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ស៊ី តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ផឹក តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្រេក មើល​ពួក​អ្នក​បំរើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស