9 អញនឹងបង្កើតជំនួរវង្ស១ ចេញពីយ៉ាកុបមក ហើយឲ្យមានពួក១ ចេញពីយូដាមក ដែលនឹងគ្រងបានស្រុកភ្នំរបស់អញទុកជាមរដក ពួកអ្នករើសតាំងរបស់អញនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបំរើរបស់អញនឹងអាស្រ័យនៅឯនោះផង
10 នោះវាលសារ៉ុននឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ហើយច្រកភ្នំអាកោរជាកន្លែងឲ្យហ្វូងគោដេកនៅ ដល់ពួករាស្ត្ររបស់អញដែលបានស្វែងរកអញ
11 តែឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែង ថ្វាយដល់ព្រះវាសនា
12 អញនឹងឲ្យឯងរាល់គ្នាមានវាសនាជាដាវវិញ ហើយឯងទាំងអស់គ្នានឹងត្រូវឱនទៅ ឲ្យគេកាប់សំឡាប់ ពីព្រោះកាលអញបានហៅនោះឯងរាល់គ្នាមិនបានឆ្លើយសោះ ហើយកាលអញបាននិយាយ នោះឯងរាល់គ្នាមិនបានឮឡើយ គឺឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
13 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ មើល ពួកអ្នកបំរើអញនឹងបានស៊ី តែឯងរាល់គ្នានឹងត្រូវឃ្លាន មើល ពួកអ្នកបំរើអញនឹងបានផឹក តែឯងរាល់គ្នានឹងត្រូវស្រេក មើលពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស
14 មើល ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ តែឯងរាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ
15 ឯងរាល់គ្នានឹងបន្តឈ្មោះរបស់ឯង ទុកជាទីផ្តាសាដល់ពួករើសតាំងរបស់អញ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងសំឡាប់ឯងបង់ ទ្រង់នឹងដាក់ឈ្មោះផ្សេងទៀតឲ្យដល់ពួកអ្នកបំរើរបស់ទ្រង់