1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ផ្ទៃមេឃជាបល្ល័ង្ករបស់អញ ហើយផែនដីជាកំណល់កល់ជើងអញ ដូច្នេះ តើឯងរាល់គ្នានឹងសង់វិហារយ៉ាងណាឲ្យអញ តើមានកន្លែងណាសំរាប់ជាទីសំរាកដល់អញ
2 ដ្បិតឯរបស់ទាំងនេះ គឺដៃអញដែលបានបង្កើតមក ហើយគឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែអញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ
3 អ្នកណាដែលសំឡាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយដង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អើអ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ
4 ឯអញ ក៏នឹងរើសសេចក្ដីទំនាស់ចិត្តឲ្យគេ ហើយនឹងនាំសេចក្ដីដែលគេស្ញែងខ្លាចមកលើគេវិញ ដ្បិតកាលអញបានហៅ នោះគ្មានអ្នកណាតបឆ្លើយសោះ កាលអញបាននិយាយ នោះគេមិនបានស្តាប់ឡើយ គឺគេបានធ្វើអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
5 ឯងរាល់គ្នាដែលញ័រញាក់ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលទ្រង់ចុះ ពួកបងប្អូនរបស់ឯងរាល់គ្នាដែលស្អប់ឯង ជាពួកអ្នកដែលកាត់ឯងរាល់គ្នាចេញ ដោយព្រោះឈ្មោះអញ គេបានពោលថា ចូរឲ្យឯងរាល់គ្នាដំកើងព្រះយេហូវ៉ាឡើង ដើម្បីឲ្យយើងបានឃើញសេចក្ដីអំណររបស់ឯងផង ប៉ុន្តែគឺគេដែលនឹងត្រូវអៀនខ្មាសវិញ