អេសាយ 66:13-19 KHOV

13 អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ចំពោះ​ក្រុង​យេរូ‌សាឡិម​ហើយ

14 ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់ ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​ចេញ ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។

15 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​មក​នាំ​ទាំង​ភ្លើង​មក​ជា​មួយ ហើយ​ព្រះ‌រាជ‌រថ​របស់​ទ្រង់​នឹង​បាន​ដូច​ជា​ខ្យល់​កួច ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់ និង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ទ្រង់ ដោយ‌សារ​អណ្តាត​ភ្លើង

16 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​អស់​ទាំង​មនុស្ស ដោយ‌សារ​ភ្លើង​នឹង​ដាវ​របស់​ទ្រង់ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់ និង​ប្រហារ​ជីវិត នោះ​នឹង​មាន​ជា​ច្រើន

17 ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ហើយ​ជំរះ​ខ្លួន​ចេញ សំរាប់​ការ​ថ្វាយ‌បង្គំ​នៅ​ក្នុង​សួន‌ច្បារ ហើយ​គោរព​ដល់​រូប​ព្រះ​១​នៅ​កណ្តាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា​ទាំង​អស់។

18 អញ​ស្គាល់​អស់​ទាំង​អំពើ និង​គំនិត​របស់​គេ​ហើយ នឹង​មាន​ពេល​វេលា​មក​ដល់ ដែល​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​គ្រប់​ភាសា គេ​នឹង​មូល​មក​ឃើញ​សិរី‌ល្អ​របស់​អញ

19 អញ​នឹង​តាំង​ទី​សំគាល់​១​នៅ​កណ្តាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ណា​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ឯ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​ធ្នូ ហើយ​ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិសព្ទ​របស់​អញ ឬ​ឃើញ​សិរី‌ល្អ​របស់​អញ​នៅ​ឡើយ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន