អេសាយ 66:2-8 KHOV

2 ដ្បិត​ឯ​របស់​ទាំង​នេះ គឺ​ដៃ​អញ​ដែល​បាន​បង្កើត​មក ហើយ​គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ប៉ុន្តែ​អញ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ដែល​ញ័រ‌ញាក់ ដោយ​ឮ​ពាក្យ​របស់​អញ

3 អ្នក​ណា​ដែល​សំឡាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ អើ​អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ​ចំពោះ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ

4 ឯ​អញ ក៏​នឹង​រើស​សេចក្ដី​ទំនាស់​ចិត្ត​ឲ្យ​គេ ហើយ​នឹង​នាំ​សេចក្ដី​ដែល​គេ​ស្ញែង‌ខ្លាច​មក​លើ​គេ​វិញ ដ្បិត​កាល​អញ​បាន​ហៅ នោះ​គ្មាន​អ្នក​ណា​តប​ឆ្លើយ​សោះ កាល​អញ​បាន​និយាយ នោះ​គេ​មិន​បាន​ស្តាប់​ឡើយ គឺ​គេ​បាន​ធ្វើ​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។

5 ឯង​រាល់​គ្នា​ដែល​ញ័រ‌ញាក់ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ទ្រង់​ចុះ ពួក​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ដែល​ស្អប់​ឯង ជា​ពួក​អ្នក​ដែល​កាត់​ឯង​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​អញ គេ​បាន​ពោល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដំកើង​ព្រះ‌យេហូវ៉ា​ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​សេចក្ដី​អំណរ​របស់​ឯង​ផង ប៉ុន្តែ​គឺ​គេ​ដែល​នឹង​ត្រូវ​អៀន‌ខ្មាស​វិញ

6 មាន​ឮ​សូរ​អឺង‌កង​ពី​ទី​ក្រុង​មក ជា​សំឡេង​ដែល​ចេញ​ពី​ព្រះ‌វិហារ គឺ​ជា​សៀង​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​សង​តប​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់។

7 មុន​ដែល​ឈឺ​ពោះ នោះ​បាន​សំរាល​កូន​មក មុន​ដែល​កើត​ឈឺ​ចាប់ នោះ​បាន​បង្កើត​កូន​ប្រុស​១​ហើយ

8 តើ​មាន​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​យ៉ាង​នោះ តើ​អ្នក​ណា​ដែល​បាន​ឃើញ​ឬ តើ​នឹង​ឲ្យ​ស្រុក​១​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​១​បាន​ឬ តើ​នគរ​១​នឹង​លេច​ចេញ​មក​ភ្លាម​១​រំពេច​ឬ​អី ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ​ចាប់ នោះ​ក៏​បាន​សំរាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម