20 គេនឹងបញ្ជិះពួកបងប្អូនឯងរាល់គ្នាទាំងប៉ុន្មាន លើសេះ រទេះ អង្រឹងស្នែង លាកាត់ ហើយលើអូដ្ឋ នាំចេញពីអស់ទាំងសាសន៍មក ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ា គឺមកឯក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់អញ ដូចជាពួកកូនចៅអ៊ីស្រាអែលធ្លាប់យកដង្វាយរបស់គេ ដាក់ក្នុងភាជនៈដ៏ស្អាតមកឯព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងយកពួកអ្នកនោះខ្លះ តាំងឡើងជាសង្ឃ ហើយជាពួកលេវី។
22 ដ្បិតដែលផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលអញនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះអញជាយ៉ាងណា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពូជពង្សរបស់ឯង និងឈ្មោះឯងរាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ
23 គ្រានោះនឹងកើតមានដូច្នេះថា ចាប់តាំងពីថ្ងៃចូលខែ១ ដរាបដល់ថ្ងៃចូលខែ១ទៀត ហើយពីថ្ងៃឈប់សំរាក១ ដរាបដល់ថ្ងៃឈប់សំរាក១ទៀត នោះគ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
24 គេនឹងចេញទៅមើលសាកខ្មោចរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងអញ ដ្បិតដង្កូវនៃខ្មោចទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកខ្មោចទាំងនោះនឹងបានជាទីខ្ពើមឆ្អើមដល់អស់ទាំងមនុស្ស។:៚