9 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញនឹងនាំទៅដល់កំណត់ដែលត្រូវសំរាល ឥតធ្វើឲ្យកើតមកផងឬ ព្រះនៃឯងទ្រង់ក៏មានព្រះបន្ទូលសួរថា ឯអញដែលធ្វើឲ្យកើតមក តើអញនឹងបង្ខាំងផ្ទៃឬអី។
10 ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយឡើងជាមួយនឹងវា ហើយមានសេចក្ដីអំណរដោយព្រោះវាចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយឡើងដោយសេចក្ដីអំណរចំពោះវាវិញ
11 ដើម្បីឲ្យឯងរាល់គ្នាបានបៅដោះ ជាសេចក្ដីកំសាន្តចិត្តរបស់វាឲ្យឆ្អែត ហើយឲ្យបានជព្ជាក់ទឹកដោះរបស់វា ព្រមទាំងចាប់ចិត្តចំពោះសិរីល្អដ៏បរិបូររបស់វាផង
12 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះឯងរាល់គ្នានឹងជព្ជាក់បៅ វានឹងពរឯង ហើយថ្នមឯងនៅលើភ្លៅ
13 អញនឹងកំសាន្តចិត្តឯង ដូចជាម្តាយដែលលួងលោមកូន នោះឯងរាល់គ្នានឹងមានសេចក្ដីកំសាន្តចិត្តចំពោះក្រុងយេរូសាឡិមហើយ
14 ឯងរាល់គ្នានឹងឃើញ ហើយនឹងមានសេចក្ដីអំណររីករាយក្នុងចិត្ត ឯឆ្អឹងឯងរាល់គ្នា នោះនឹងបានស្រស់ ដូចស្មៅខ្ចី ហើយព្រះហស្តនៃព្រះយេហូវ៉ានឹងសំដែងចេញ ដល់ពួកអ្នកបំរើរបស់ទ្រង់ ហើយសេចក្ដីខ្ញាល់របស់ទ្រង់ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវផង។
15 ដ្បិតមើល ព្រះយេហូវ៉ាទ្រង់នឹងយាងមកនាំទាំងភ្លើងមកជាមួយ ហើយព្រះរាជរថរបស់ទ្រង់នឹងបានដូចជាខ្យល់កួច ដើម្បីនឹងសំរេចតាមសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ និងតាមពាក្យស្តីបន្ទោសរបស់ទ្រង់ ដោយសារអណ្តាតភ្លើង