អេសាយ 7:3-9 KHOV

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ចូរ​ឯង​នឹង​ស្អា-យ៉ាស៊ូប ជា​កូន​ឯង ចេញ​ទៅ​ជួប​នឹង​អេហាស​ត្រង់​ចុង​ប្រឡាយ​បង្ហូរ​ទឹក​មក​ដល់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ទី​វាល​ជាង​ប្រមោក

4 ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​២​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន និង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ

5 ពី​ព្រោះ​សាសន៍​ស៊ីរី និង​ពួក​អេប្រា‌អិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ឯង ដោយ​ពាក្យ​ថា

6 ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​ទំលាយ​ឲ្យ​មាន​ផ្លូវ​ចូល​បាន រួច​យើង​នឹង​តាំង​ស្តេច​១​ឡើង​នៅ​ក្នុង​ស្រុក​គេ គឺ​ជា​កូន​របស់​តាបបៀល

7 ឯ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ

8 ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ ក្នុង​រវាង​៦៥​ឆ្នាំ នោះ​ពួក​អេប្រា‌អិម​នឹង​ត្រូវ​បែក‌ខ្ញែក​រតាត់‌រតាយ​អស់​ទៅ លែង​បាន​ពូជ‌ពង្ស​ត​ទៅ​ទៀត

9 ឯ​ក្បាល​របស់​ពួក​អេប្រា‌អិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ បើ‌សិន​ជា​ឯង​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​ឯង​មិន​បាន​តាំង​នៅ​ជាប់​ឡើយ។