9 ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ បើសិនជាឯងមិនព្រមជឿទេ នោះប្រាកដជាឯងមិនបានតាំងនៅជាប់ឡើយ។
10 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអេហាសថា
11 ចូរឯងសូមទីសំគាល់១ពីព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ចូរសូម ទោះបើនៅក្នុងទីជំរៅ ឬនៅទីខ្ពស់ខាងលើក្តី
12 តែអេហាសតបថា យើងមិនព្រមសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ
13 ដូច្នេះ អេសាយទូលថា ឱពូជពង្សរបស់ដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬអី បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀតផង
14 ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល
15 បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ ហើយនឹងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ