3 រួចមកខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
4 ដ្បិតមុនដែលកូននេះចេះហៅថា ឪអើយ ម៉ែអើយ នោះគេនឹងដឹកយកទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងរបឹបនៅស្រុកសាម៉ារី នាំទៅនៅចំពោះស្តេចស្រុកអាសស៊ើរហើយ។
5 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា
6 ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន ហើយនឹងកូនរបស់រេម៉ាលាវិញ
7 នោះមើល ព្រះអម្ចាស់ទ្រង់នាំទឹកទន្លេដែលហូរខ្លាំង ហើយច្រើនមកលើគេ គឺជាស្តេចស្រុកអាសស៊ើរ និងឫទ្ធានុភាពទាំងប៉ុន្មានរបស់ទ្រង់ ទន្លេនោះនឹងហូរចេញតាមគ្រប់ទាំងព្រែក ហើយលិចច្រាំងទាំងអស់
8 ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនឹងជន់រាចពេញស្រុករបស់ឯង ឱអេម៉ាញូអែលអើយ។
9 ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែឯងរាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួនដែរ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទីទៅ