អេសាយ 8:9-15 KHOV

9 ឱ​ជន‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ គង់​តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ នែ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ក្រវាត់​ចង្កេះ​ខ្លួន​ដែរ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ

10 ចូរ​ប្រឹក្សា​គ្នា នោះ​ការ​សំរេច​របស់​ឯង​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ចូរ​ចេញ​វាចា​ចុះ តែ​ពាក្យ​សំដី​នោះ​នឹង​មិន​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​ខាង​យើង​ហើយ។

11 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ទ្រង់​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ជន‌ជាតិ​នេះ ដោយ​ថា

12 កុំ​ឲ្យ​ឯង​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន‌ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ

13 ត្រូវ​ឲ្យ​រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​យក​ទ្រង់​ជា​ទី​ភ័យ​ខ្លាច ហើយ​តក់‌ស្លុត​វិញ

14 នោះ​ទ្រង់​នឹង​បាន​សំរាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្មដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​២​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់

15 មនុស្ស​ជា​ច្រើន​នឹង​ចំពប់​នឹង​ថ្ម​នោះ ហើយ​ដួល​ទៅ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ចាប់​បាន​ផង។