អេសាយ 9:1-5 KHOV

1 ប៉ុន្តែ​សេចក្ដី​ឈ្លប់​សូន្យ‌សុង នឹង​មិន​នៅ​លើ​ស្រុក ដូច​នៅ​គ្រា​ដែល​មាន​សេចក្ដី​វេទនា​ចិត្ត​នោះ​ទេ កាល​ពី​ដើម​ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​សាប់‌យូល៉ូន និង​ស្រុក​ណែប‌ថាលី​ត្រូវ​គេ​មើល‌ងាយ តែ​នៅ​ជាន់​ក្រោយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​រុងរឿង​ឧត្តម​វិញ គឺ​ជា​ស្រុក​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ជា​ដែន​ខេត្ត​កាលី‌ឡេ​របស់​សាសន៍​ដទៃ

2 ឯ​បណ្តា‌ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ

3 ទ្រង់​បាន​ប្រោស​ឲ្យ​បណ្តា‌ជន​ចំរើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​ជា​ច្រើន​ឡើង​ដែរ គេ​មាន​សេចក្ដី​អំណរ​នៅ​ចំពោះ​ទ្រង់ ដូច​ជា​សេចក្ដី​អំណរ ក្នុង​រដូវ​ចំរូត ហើយ​ដូច​ជា​សេចក្ដី​អំណរ​នៃ​មនុស្ស​ដែល​កំពុង​តែ​ចែក​របឹប​គ្នា

4 ដ្បិត​ទ្រង់​បាន​បំបាក់​នឹម ដែល​សង្កត់​លើ​គេ និង​ដង្រែក​នៅ​ស្មា​គេ ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ

5 ពី​ព្រោះ​គ្រប់​ទាំង​ស្បែក​ជើង​របស់​ពួក​ទាហាន​ក្នុង​ចំបាំង​យ៉ាង​អ៊ឹក‌ធឹក ហើយ​សំលៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម នោះ​នឹង​បាន​សំរាប់​ដុត ហើយ​ជា​ចំណី​ដល់​ភ្លើង