1 ប៉ុន្តែសេចក្ដីឈ្លប់សូន្យសុង នឹងមិននៅលើស្រុក ដូចនៅគ្រាដែលមានសេចក្ដីវេទនាចិត្តនោះទេ កាលពីដើមទ្រង់បានធ្វើឲ្យស្រុកសាប់យូល៉ូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅជាន់ក្រោយទ្រង់នឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ
2 ឯបណ្តាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ
3 ទ្រង់បានប្រោសឲ្យបណ្តាជនចំរើនឡើង ហើយបានធ្វើឲ្យគេមានសេចក្ដីរីករាយជាច្រើនឡើងដែរ គេមានសេចក្ដីអំណរនៅចំពោះទ្រង់ ដូចជាសេចក្ដីអំណរ ក្នុងរដូវចំរូត ហើយដូចជាសេចក្ដីអំណរនៃមនុស្សដែលកំពុងតែចែករបឹបគ្នា
4 ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ
5 ពីព្រោះគ្រប់ទាំងស្បែកជើងរបស់ពួកទាហានក្នុងចំបាំងយ៉ាងអ៊ឹកធឹក ហើយសំលៀកបំពាក់ប្រឡាក់ជោកដោយឈាម នោះនឹងបានសំរាប់ដុត ហើយជាចំណីដល់ភ្លើង
6 ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព