16 ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ
17 ដូច្នេះព្រះអម្ចាស់ទ្រង់នឹងមិនរីករាយចំពោះពួកកំឡោះគេឡើយ ក៏មិនអាសូរករុណាចំពោះពួកកំព្រា និងពួកស្រីមេម៉ាយរបស់គេដែរ ពីព្រោះគ្រប់គ្នាជាអ្នកទមិលល្មើស ហើយជាអ្នកប្រព្រឹត្តលាមកអាក្រក់ គ្រប់ទាំងមាត់ក៏បញ្ចេញ សុទ្ធតែសេចក្ដីចំកួត ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
18 ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ និងគុម្ពបន្លាអស់រលីងទៅ អើ ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម
19 ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្តាជន ក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ
20 ម្នាក់នឹងកញ្ឆក់យកពីខាងស្តាំ ប៉ុន្តែនឹងនៅតែឃ្លានទៀត ហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយ គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា
21 គឺម៉ាន៉ាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាន៉ាសេ ហើយទាំង២ពួកនោះនឹងទាស់ទទឹងនឹងពួកយូដា ប៉ុន្តែទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។