អេសាយ 44:18-24 KHOV

18 ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ផង ដើម្បី​មិន​ឲ្យ​យល់​បាន

19 គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​ដំរិះ ឬ​យោបល់​នឹង​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង អើ អញ​បាន​អាំង​សាច់​ស៊ី​ផង​ដូច្នេះ ឈើ​ដែល​សល់​នៅ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ តើ​គួរ​ឲ្យ​អញ​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​អី

20 អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។

21 ឱ​ពួក​យ៉ាកុប និង​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បំរើ​របស់​អញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ

22 អញ​បាន​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​ឯង​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​អញ​វិញ ពី​ព្រោះ​អញ​បាន​លោះ​ឯង​ហើយ

23 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សំរេច​ការ​ហើយ ឱ​ផែនដី​ដ៏​ទាប​អើយ ចូរ​ស្រែក​ឡើង ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ និង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​លោះ​ពួក​យ៉ាកុប​ទាំង​អស់​ហើយ ទ្រង់​នឹង​ដំកើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ផង។

24 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដែល​ជប​សូន​ឯង តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ អញ​លាត​សន្ធឹង​ផ្ទៃ​មេឃ​តែ​ម្នាក់​ឯង ហើយ​បាន​ក្រាល​ផែនដី​ដោយ​ខ្លួន​អញ