អេសាយ 44:20-26 KHOV

20 អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។

21 ឱ​ពួក​យ៉ាកុប និង​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បំរើ​របស់​អញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ

22 អញ​បាន​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​ឯង​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​អញ​វិញ ពី​ព្រោះ​អញ​បាន​លោះ​ឯង​ហើយ

23 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សំរេច​ការ​ហើយ ឱ​ផែនដី​ដ៏​ទាប​អើយ ចូរ​ស្រែក​ឡើង ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ និង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​លោះ​ពួក​យ៉ាកុប​ទាំង​អស់​ហើយ ទ្រង់​នឹង​ដំកើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ផង។

24 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដែល​ជប​សូន​ឯង តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ អញ​លាត​សន្ធឹង​ផ្ទៃ​មេឃ​តែ​ម្នាក់​ឯង ហើយ​បាន​ក្រាល​ផែនដី​ដោយ​ខ្លួន​អញ

25 អញ​លើក​ទី​សំគាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ទាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

26 អញ​បញ្ជាក់​ពាក្យ​សំដី​ដែល​និយាយ​នឹង​អ្នក​បំរើ​អញ ហើយ​សំរេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក ដែល​អញ​ចាត់​ប្រើ​អញ​និយាយ​ពី​ក្រុង​យេរូ‌សាឡិម​ថា ទី​ក្រុង​នោះ​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​និយាយ​ពី​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ថា ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សង់​ឡើង​វិញ អញ​នឹង​លើក​អស់​ទាំង​ទី​បាក់​បែក​នោះ​ឡើង