យេរេមា 11:16-22 KHSV

16 ព្រះ‌អម្ចាស់​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា“ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ”ប៉ុន្តែ ព្រះ‌អង្គ​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំងហើយ​មែក​របស់​វា​ត្រូវ​ហិន‌ហោច​ខ្ទេច‌ខ្ទី​អស់។

17 អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​ដាំ​អ្នក ដូច​ដាំ​ដើម​អូលីវ។ ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​នាំ​គ្នា​អុជ​ធូប​បួង‌សួង​ព្រះ​បាល។ ហេតុ​នេះ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ ហើយ​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​អ្នក​ជា​មិន​ខាន។

18 ព្រះ‌អម្ចាស់​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​អំពី​ឧបាយ‌កល ដែល​ពួក​គេ​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ។

19 ពី​មុន ខ្ញុំ​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ស្លូត ដែល​គេ​ដឹក​ទៅ​ទី​សត្ត‌ឃាត។ ខ្ញុំ​ពុំ​បាន​ដឹង​អំពី​គម្រោង‌ការ ដែល​ពួក​គេ​គិត​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ​ទេ។ ពួក​គេ​និយាយ​គ្នា​អំពី​ខ្ញុំ​ថា “យើង​នាំ​គ្នា​រំលំ​ដើម​ឈើ​កំពុង​តែ​មាន​ផ្លែ​នេះ​ទៅ យើង​ដក​វា​ចេញ​ពី​ចំណោម​មនុស្ស​មាន​ជីវិត កុំ​ឲ្យ​នរណា​នឹក​នា​ដល់​ឈ្មោះ​វា​ទៀត!”។

20 បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលព្រះ‌អង្គ​ជា​ចៅ‌ក្រម​ដ៏​សុចរិតព្រះ‌អង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្សយ៉ាង​ច្បាស់ទូលបង្គំ​នឹង​ឃើញ​ព្រះ‌អង្គ​រក​យុត្តិធម៌ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខានទូលបង្គំ​ប្រគល់​រឿង​ហេតុ​របស់​ទូលបង្គំលើ​ព្រះ‌អង្គ​ទាំង​ស្រុង។

21 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​ភូមិ​អាណា‌ថោត ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ដោយ​ពោល​មក​ខ្ញុំ​ថា “កុំ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អម្ចាស់​ឡើយ បើ​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ស្លាប់​ដោយ​ដៃ​ពួក​យើង​មិន​ខាន!”។

22 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គេ គឺ​ពួក​យុវជន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​នឹង​ស្លាប់​ដោយ​ទុរ្ភិក្ស។