1 ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈលោកយេរេមាដូចតទៅ:
2 «ចូរស្ដាប់សេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រី*នេះ ហើយយកទៅប្រកាសប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម
3 គឺប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកណាមិនធ្វើតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះទេ អ្នកនោះមុខជាត្រូវវេទនាពុំខាន!
4 យើងបានចងសម្ពន្ធមេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា”។
5 ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ទូលព្រះអង្គថា «ពិតមែនហើយព្រះអម្ចាស់!»។
6 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”!
7 ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។
8 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងដែរ ម្នាក់ៗនៅតែចចេសធ្វើតាមចិត្តអាក្រក់របស់ខ្លួន។ ហេតុនេះ យើងប្រព្រឹត្តចំពោះពួកគេ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងសម្ពន្ធមេត្រី គឺជាសេចក្ដីដែលយើងបង្គាប់ពួកគេឲ្យប្រតិបត្តិតាម តែពួកគេមិនប្រតិបត្តិតាមទេ»។
9 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ប្រជាជននៅស្រុកយូដា និងប្រជាជននៅក្រុងយេរូសាឡឹមឃុបឃិតគ្នាប្រឆាំងនឹងយើង។
10 ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។
11 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាធ្លាក់មកលើពួកគេ ពួកគេពុំអាចគេចផុតបានឡើយ។ ពួកគេនឹងស្រែកអង្វរយើង តែយើងមិនស្ដាប់ពួកគេទេ។
12 អ្នកក្រុងទាំងឡាយនៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នឹងនាំគ្នាសែន បួងសួងរកព្រះឯទៀតៗដែលពុំអាចជួយសង្គ្រោះពួកគេ នៅគ្រាមានទុក្ខវេទនាបានឡើយ។
13 យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូសាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។
14 «រីឯអ្នកវិញ កុំទូលអង្វរឲ្យប្រជាជននេះធ្វើអ្វី! គឺកុំស្រែកអង្វរ ឬអធិស្ឋានឲ្យពួកគេឡើយ ដ្បិតពេលពួកគេមានទុក្ខ ហើយនាំគ្នាអង្វររកយើង យើងនឹងមិនស្ដាប់ពួកគេជាដាច់ខាត»។
15 «ប្រជាជនជាទីស្រឡាញ់របស់យើងកំពុងតែប្រព្រឹត្តអំពើវៀចវេរយ៉ាងច្រើនឥតគណនាតើពួកគេមកក្នុងដំណាក់យើងធ្វើអ្វីទៀត?តើពួកគេនឹកស្មានថានឹងបានរួចខ្លួនដោយយកយញ្ញបូជាមកឲ្យយើងនិងបន់ស្រន់យើងឬ?»។
16 ព្រះអម្ចាស់បានដាក់ឈ្មោះឲ្យអ្នកថា“ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ”ប៉ុន្តែ ព្រះអង្គនឹងដុតបំផ្លាញដើមអូលីវនេះដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំងហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។
17 អ៊ីស្រាអែលអើយ ព្រះអម្ចាស់នៃពិភពទាំងមូលបានដាំអ្នក ដូចដាំដើមអូលីវ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាចេះតែប្រព្រឹត្តអំពើអាក្រក់ ដោយនាំគ្នាអុជធូបបួងសួងព្រះបាល។ ហេតុនេះ ព្រះអង្គទ្រង់ព្រះពិរោធ ហើយធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកជាមិនខាន។
18 ព្រះអម្ចាស់បានប្រាប់ខ្ញុំ ហើយខ្ញុំក៏ដឹងអំពីឧបាយកល ដែលពួកគេបម្រុងនឹងធ្វើចំពោះខ្ញុំ។
19 ពីមុន ខ្ញុំប្រៀបបាននឹងកូនចៀមដ៏ស្លូត ដែលគេដឹកទៅទីសត្តឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោងការ ដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា “យើងនាំគ្នារំលំដើមឈើកំពុងតែមានផ្លែនេះទៅ យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឲ្យនរណានឹកនាដល់ឈ្មោះវាទៀត!”។
20 បពិត្រព្រះអម្ចាស់នៃពិភពទាំងមូលព្រះអង្គជាចៅក្រមដ៏សុចរិតព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្សយ៉ាងច្បាស់ទូលបង្គំនឹងឃើញព្រះអង្គរកយុត្តិធម៌ដោយដាក់ទោសពួកគេជាមិនខានទូលបង្គំប្រគល់រឿងហេតុរបស់ទូលបង្គំលើព្រះអង្គទាំងស្រុង។
21 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នកភូមិអាណាថោត ដែលចង់ប្រហារជីវិតខ្ញុំ ដោយពោលមកខ្ញុំថា “កុំថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ឡើយ បើមិនដូច្នោះទេ អ្នកមុខជាស្លាប់ដោយដៃពួកយើងមិនខាន!”។
22 ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគេ គឺពួកយុវជនរបស់គេនឹងស្លាប់ដោយមុខដាវ កូនប្រុសកូនស្រីរបស់ពួកគេនឹងស្លាប់ដោយទុរ្ភិក្ស។
23 ក្នុងចំណោមពួកគេ គ្មាននៅសេសសល់នរណាម្នាក់សោះ ដ្បិតនៅឆ្នាំដែលយើងដាក់ទោសអ្នកភូមិអាណាថោត យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ពួកគេ»។